EDC នឹងចំណាយជាង $៨០ លានភ្ជាប់បណ្តាញពីទីក្រុងតាខ្មៅទៅបាវិត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា
អគ្គិសនីកម្ពុជា (EDC) នឹងតភ្ជាប់បណ្តាញអគ្គិសនីពីក្រុងតាខ្មៅទៅក្រុងបាវិតនៃខេត្ត ស្វាយរៀងដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ
៨៤,៥ លានដុល្លារដើម្បីផ្តល់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ ប្រជាពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសវៀតណាម។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទឹកប្រាក់នេះជាកម្ចីពីរដ្ឋាភិបាលចិន ហើយគម្រោងនេះនឹងប្រើពេលពីរឆ្នាំកន្លះដើម្បីបញ្ចប់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានខ្មែរដែលីកាលពី សៅរិ៍។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថាការចាប់ផ្តើមដំឡើងបណ្តាញនេះនឹងត្រូវ ចាប់ផ្តើមនៅពេលណានោះទេ។
អគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់លើការតភ្ជាប់បណ្តាញនេះ ។
លោកបន្តឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចលើគម្រោងនេះរួចហើយ ដើម្បីទ្រទ្រង់ដល់សណ្ឋាគារ
ឧស្សាហកម្ម និងផលិតកម្មដែលកំពុងដំណើរការនៅក្រុងបាវិត ដែលបច្ចុប្បន្នកំពុងពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អគ្គិសនីពី ប្រទេសវៀតណាម។ ខេត្តស្វាយរៀងកំពុងទិញអគ្គិសនីពីប្រទេសវៀតណាមរហូតដល់
២០ មេហ្គាវ៉ាត់ក្នុងមួយម៉ោងដែលមានតម្លៃ
៩០០ រៀលក្នុងមួយគីឡូវ៉ាត់។
លោក រតនៈ បានឲ្យដឹងថា
តាមរយៈការតភ្ជាប់បណ្តាញនេះ
រដ្ឋាភិបាលរំពឹងថានឹងអាចធានាបានការផ្គត់ផ្គងអគ្គិសនីសម្រាប់ ខេត្តដែលមានសក្តានុពលផ្នែកឧស្សាហកម្មមួយនេះហើយក៏នឹងអាចជំរុញ សេដ្ឋកិច្ចខេត្តផងដែរ។
បណ្តាញអគ្គិសនីដែលនឹងត្រូវដំឡើងនាពេលខាងមុននេះនឹងអាចបញ្ជូន ថាមពលអគ្គិសនីចំនួន
១១៣គីឡូវ៉ុល ហើយថ្លៃអគ្គិសនីនឹងត្រូវបញ្ចុះពី៩០០រៀលមកត្រឹម៦៥០រៀលក្នុងមួយ គីឡូវ៉ាត់។
នេះបើតាមការឲ្យដឹងរបស់លោករតនៈ។
រដ្ឋាភិបាលមិនត្រឹមតែមានគម្រោងតភ្ជាប់បណ្តាញសម្រាប់ក្រុងបាវិត ប៉ុណ្ណោះទេ គម្រោងតភ្ជាប់បណ្តាញនេះនឹងត្រូវអនុវត្តទូទាំងប្រទេសដើម្បីសម្រេច តាមគោលដៅនៅឆ្នាំ២០២០
ដែលថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងអាចទទួលបានអគ្គិសនីប្រើប្រាស់។ នេះបើតាមប្រសាសន៍របស់
ទី ថានី ប្រធានហិរញ្ញវត្ថុនៃអាជ្ញាធរអគ្គិសនីកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ។
លោកលើកឡើងថា៖ «បណ្តាញអគ្គិសនីនេះបន្ទាប់ពីការដំឡើងហើយ នឹងបម្រើមិនត្រឹមតែដល់ប្រជាជនដែលរស់នៅក្បែរបណ្ដាញ និងឧស្សាហកម្មនៅក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងអនុញ្ញាតឲ្យប្រទេសកម្ពុជាលក់ថាមពលលើសតម្រូវការ ត្រឡប់ទៅប្រទេសវៀតណាម
និងថៃបានទៀតផង»។
លោកបានបន្តថា៖ «វាមិនគ្រាន់តែសម្រាប់ប្រជាជនក្នុងការទទួលបានថាមពលក្នុងតម្លៃ សមរម្យបានទេ ប៉ុន្តែថែមទាំងដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល អគ្គិសនីនៅក្នុងប្រទេសកម្ពុជាបានទៀតផង។ នៅពេលទំនប់វារីអគ្គិសនីមិនអាចផ្ដល់បានគ្រប់គ្រាន់ យើងអាចទិញពីប្រទេសវៀតណាម
និងថៃបាន ប៉ុន្តែ នៅពេលយើងមានផលិតផលលើសបានពីទំនប់វារីអគ្គិសនីនេះ យើងអាចលក់ឲ្យវៀតណាម
និងថៃវិញ ខណៈដែលប្រទេសទាំងពីរនេះនៅពេលនេះកំពុងខ្វះខាតធនធានថាមពលមាន តម្លៃទាប»។
លោកបន្ត ថាមពលអគ្គិសនីនឹងអនុញ្ញាតឲ្យមានការតភ្ជាប់ថាមពលបានកាន់តែល្អ ប្រសើរ
និងការផ្លាស់ប្តូររវាងប្រទេសកម្ពុជា
និងបណ្ដាប្រទេសជិតខាងរបស់ខ្លួន។
អ្នកស្រី កែវ យ៉ានី
ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលអគ្គិសនីតភ្ជាប់ពីសហគ្រាសឯកជន ពីខេត្តព្រៃវែងថ្លែងថា ការផ្គត់ផ្គង់អគ្គិសនីដែលមិនស្ថិតស្ថេរបានបង្កឲ្យម៉ាស៊ីនកិនស្រូវ របស់អ្នកស្រីជួបញ្ហាច្រើន។
អ្នកស្រីថា៖ «ពេលនេះម៉ាស៊ីនកិនស្រូវខ្ញុំទិញថាមពលពីគេតម្លៃក្រោម៦០០រៀល ប៉ុណ្ណោះ តែត្រូវចុះកិច្ចសន្យាទិញក្នុងទំហំធំទើបបានតម្លៃប៉ុណ្ណេះ។ បើបានអគ្គិសនីពីរដ្ឋ
ការផ្គត់ផ្គង់ស្ថិតស្ថេរ
និងមានតម្លៃក្រោម៥០០រៀលនោះជាការល្អ ព្រោះផលិតកម្មនេះត្រូវការប្រើអគ្គិសនីច្រើនដែរក្នុងការផលិត»។
លោក កែវ រតនៈ
មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
កាលពីឆ្នាំ២០១៤
កម្ពុជាសល់ថាមពលចំនួន ១០០ មេហ្គាវ៉ាត់ ពីការប្រើប្រាស់ ដែលថាមពលនេះបានពីទំនប់វារីអគ្គិសនីផ្សេងៗនៅក្នុងប្រទេសក្នុង អំឡុងរដូវវស្សា។ ថាមពលអគ្គិសនីដែលសេសសល់នេះត្រូវបានគេរំពឹងថានឹងត្រូវបានលក់ទៅ ឲ្យប្រទេសវៀតណាម
ខណៈ បណ្តាញអគ្គិសនីរវាងប្រទេសទាំងពីរត្រូវបានភ្ជាប់រួចហើយ។ នេះបើតាមការឲ្យដឹងពីលោក
ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ
និងថាមពលបានប្រាប់អ្នកយកសារព័ត៌មានបន្ទាប់ពីការសួរសំណួរ និងចម្លើយពីគណបក្សប្រឆាំងទាក់ទងនឹងទំនប់វារីអគ្គិសនីសេសាន
២ កាលពីខែមិថុនាឆ្នាំមុន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមឆ្នាំ
២០១៣ បណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ត្រូវបានដំឡើងនៅតាមខេត្តនិងក្រុង ចំនួន១៣
ដែលរួមមាន កែប កណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់
បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពត និងរាជធានីភ្នំពេញ៕
អត្ថបទ: ភ្នំពេញប៉ុស្តិ៍
Tue, 20 January 2015
Tue, 20 January 2015
Comments
Post a Comment