Donacoទិញកាស៊ីណូ Vegas $៣៦០លាន
ភ្នំពេញៈ ក្រុមហ៊ុន Donaco International Limited បានប្រកាសទិញរមណីយដ្ឋាន
និងក្លិប Star Vegas Resort តម្លៃ៣៦០លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែត ដែលជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
ការទិញនេះគ្រោងនឹងបញ្ចប់នៅខែមេសា
ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយនៅលើ ASX
កាលពីថ្ងៃសុក្រ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «ក្រុមហ៊ុន Donaco International Limited (ASX:DNA) (“Donaco”) មានសេចក្ដីរីករាយ ដែលបានប្រកាសថា ខ្លួនបានប្រតិបត្តិការលើកិច្ចព្រមព្រៀងទិញរួមគ្នាមួយជាមួយ ក្រុមហ៊ុន
Star Vegas នៅក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។ ការទិញនេះគ្រោងបញ្ចប់នៅខែមេសាឆ្នាំ២០១៥ ដែលស្ថិតក្រោមការបញ្ចប់វិធានការត្រួតពិនិត្យយ៉ាងល្អិតល្អន់»។
លោក Joey
Lim នាយកគ្រប់គ្រង និងជាអគ្គនាយករបស់ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន នេះថា៖
«ក្រុមហ៊ុន
Star Vegas ត្រូវបានបង្កើតឡើងបានយ៉ាងល្អហើយជាអាជីវកម្មដែលទទួលបានជោគជ័យ ខ្លាំង ជាមួយនឹងចំណែកទីផ្សារនិងចក្ខុវិស័យកំណើនល្អអស្ចារ្យគួរឲ្យចង់ បាន។ រាល់ភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ដ៏ធំពីការបង្កើន ទំហំនិងវិសាលភាពរបស់ក្រុមហ៊ុននេះ និងការធ្វើពិពិធកម្មលើចរន្តប្រាក់ចំណូលរបស់យើង»។ លោកបន្តថា៖ «ការទិញយកនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅមុខនៅក្នុងយុទ្ធសាស្ដ្រពង្រីករបស់យើង» ។
វិធានការនេះត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន
Donaco International Ltd ផងដែរក្នុងការពង្រីកអតិថិជនមូលដ្ឋានរបស់ខ្លួនដោយសារភាពមិន ច្បាស់លាស់ពីភាពតឹងតែងផ្នែកនយោបាយនៅក្នុងប្រទេសចិន
និងវៀតណាម។
នៅក្នុងការធ្វើបទបង្ហាញរបស់លោកក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយភាគីពាក់ព័ន្ធកាលពីចុងឆ្នាំមុន
លោក Joey Lim បានថ្លែងថា ភាពតានតឹងនៅប្រទេសចិន
និងវៀតណាម បាល់ទាត់ពិភពលោក
និងការរញ្ជួយដីនៅខេត្តយូណានក្នុងប្រទេសចិនបានធ្វើឲ្យអាជីវកម្ម ល្អបំផុតរបស់ខ្លួនគឺសណ្ឋាគារ
Aristo International Hotel ទទួលបានប្រាក់ចំណូលទាបជាងការរំពឹងទុក។
លោកបន្តថា៖ «ការទិញនេះត្រូវបានគេរំពឹងថានឹងរកបានចំណូលកាន់តែខ្លាំង ហើយក៏បានផ្ដល់វិសាលភាព
និងអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មផងដែរ។ អតិថិជនមូលដ្ឋានមិនមែនពឹងលើជនជាតិចិននោះទេ»។ លោកបន្ថែមថា៖ «ការគ្រប់គ្រងគឺដឹងច្បាស់ពីការផ្លាស់ប្តូរដ៏មានសក្ដានុពលក្នុង ប្រទេសវៀតណាមដែលអនុញ្ញាតឲ្យមានការលេងល្បែងក្នុងស្រុក។ ទោះបីជាការផ្លាស់ប្តូរនេះកើតឡើងក៏ដោយ ក៏វានឹងមិនមានផលប៉ះពាល់អវិជ្ជមានលើការទិញនេះដែរ»។
ក្រុមហ៊ុន Donaco International Ltd កំពុងប្រតិបត្តិការកាស៊ីណូប្រកបដោយជោគជ័យនៅព្រំដែនវៀតណាមភាគខាង ជើងជាប់ខេត្តយូណាន
ដែលសណ្ឋាគារ Aristo International Hotel បានចាប់ផ្ដើមដំណើរការពីខែឧសភា ឆ្នាំមុន។ ក្រុមហ៊ុននេះប្រតិបត្តិការអាជីវកម្ម
និងគ្រប់គ្រងភាគហ៊ុន៩៥ភាគរយ
នៅក្នុងការវិនិយោគរួមជាមួយរដ្ឋាភិបាលវៀតណាម។ បច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកជារមណីយដ្ឋានថ្នាក់ផ្កាយប្រាំដែល មានសណ្ឋាគារមាន៤២៨បន្ទប់។
លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ថ្លែងថា លោកមិនបានទទួលលិខិតទិញ Star
Vegas Resort and Club ពីក្រុមហ៊ុន Donaco International Limited នៅឡើយទេ។
ប៉ុន្តែ លោក ភារុណ ថ្លែងថា ការទិញនេះទំនងជាជំរុញដោយផែនការពង្រីករបស់ក្រុមហ៊ុន
Donaco International Limited។ លោកបញ្ជាក់ថា៖
«គឺជារឿងធម្មតាសម្រាប់វិនិយោគិនធំៗដែលអាចទិញអាជីវកម្មថ្មី ហើយអ្នកលក់
[ Star Vegas] នឹងចង់បានលក់អាជីវកម្មរបស់ពួកគេប្រសិនបើការទិញនេះធ្វើឲ្យពួកគេ ទទួលបានប្រាក់ចំណេញខ្ពស់»។
ប្រទេសកម្ពុជាមានកាស៊ីណូសរុបចំនួន៥៩។ កាស៊ីណូភាគច្រើនមានទីតាំងតាមព្រំដែន។ មានកាស៊ីណូ៧កំពុងប្រតិបត្តិការនៅក្នុងក្រុងប៉ោយប៉ែត។
លោកហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជនរដ្ឋាភិបាលបានថ្លែងថា ទេសចរវៀតណាម
ថៃ ចិន និងកូរ៉េ ជាភ្ញៀវទេសចរដ៏សំខាន់សម្រាប់ឧស្សាហកម្មកាស៊ីណូនៅក្នុងប្រទេសកម្ពុជា ។
លោកបន្តថា៖«ប្រជាជនវៀតណាម និងប្រជាជនចិនគឺជាភ្ញៀវទេសចរដ៏សំខាន់ចំពោះកាស៊ីណូកម្ពុជាជាប់ ព្រំដែនវៀតណាមខណៈដែលភ្ញៀវទេសចរថៃគឺជាភ្ញៀវដ៏សំខាន់សម្រាប់កាស៊ីណូ ជាប់ព្រំដែនថៃ ចំណែកឯនៅទីក្រុងភ្នំពេញភ្ញៀវទៅលេងកាស៊ីណូគឺជាជនជាតិចិន
វៀតណាម បន្ទាប់មកជនជាតិកូរ៉េ
និងជនជាតិផ្សេងៗជាច្រើនទៀត»។
លោកបានថ្លែងថា កាស៊ីណូ ផលិតទេសចរដ៏មានសក្ដានុពលដែលអាចជំរុញដល់កំណើនភ្ញៀវទេចរបរទេស។ លោកបន្ថែមថា៖ «កាស៊ីណូកាន់តែច្រើនគឺជារឿងដ៏ល្អសម្រាប់ឧស្សាហកម្មទេសចរណ៍ ប៉ុន្តែវាចាំបាច់ត្រូវតែគ្រប់គ្រងឲ្យបានល្អ»៕PB
អត្ថបទ: ភ្នំពេញប៉ុស្តិ៍
Comments
Post a Comment