រឿង ដៃ ជើង និង​ មាត់ ច្រណែននឹងក្រពះ​ (បទពាក្យប្រាំពីរ)




ថ្ងៃមួយដៃជើងនិយាយថា         ពួកយើងធ្វើការហត់នឿយក្រៃ
បែរមើលទៅមាត់មិនធ្វើអ្វី        រង់ចាំតែឆីអត់ជួយសោះ។
ជើងថាពីព្រឹកទល់ព្រលប់        ខ្ញុំដើរចរច្រប់គ្មានពេលលស់
ធ្វើការរាល់ថ្ងៃមិនអោយខ្ចោះ     ទៅនេះទៅនោះឥតស្រាកស្រាន្ត។
ដៃថ្លែងថាខ្ញុំក៏មិនស្ងៀម           ភ្ញាក់ពីព្រហាមលុបលាងប្រាណ
សម្អាតរូបកាយរួចហើយបាន    ចាប់កាន់ចំណីបញ្ចុកមាត់។
មាត់លឺដូច្នោះក៏ឆាប់ឆ្លើយ        អ្នកយល់ខុសហើយខ្ញុំក៏ហត់
រាល់ថ្ងៃហាស្តីយ៉ាងទៀងទាត់     ចំណីគ្រប់ម៉ាត់ខំទំពា។
បើថាដូច្នោះចុះអាហារ           បានទៅនរណាទទួលវា
ដៃហើយនិងជើងសួរព្រមគ្នា     មាត់ថាវាធ្លាក់ទៅក្រពះ។
ក្រពះនេះមិនដែលធ្វើអ្វី           ខ្ជិលច្រអូសក្រៃមិនអៀនខ្មាស
ចាំតែទទួលផល់ដល់ផ្ទះ           គ្មានចិត្តជួយខ្នះខ្នែងយើងទេ។
ជើងក៏និយាយដោយកំហឹង       យើងប្រឹងធ្វើការមិនទំនេរ
ដៃថាខ្ញុំក៏ធ្វើឥតល្ហែ                តែបែរបានផល់ទៅក្រពះ។
ពីថ្ងៃនេះទៅឈប់ធ្វើការ          មាត់ក៏ឈប់ហាលៃយកឈ្នះ
ដៃជើងមាត់ខឹងនឹងក្រពះ         នាំគ្នារូតរះផ្អាកការងារ។
ពេលដៃជើងមាត់ឈប់កំរើក     លទ្ធផល់កក្រើកដល់កាយា
ក្រពះរួមស្វិតឥតអាហារ         នាំអោយកាយាខ្សោយស្គមស្គាំង។
រីឯដៃជើងក៏ខ្សោយដែរ           កើតទុក្ខឥតល្ហែគ្មានកំលាំង
នាំគ្នាប្រឈមមុខតតាំង           បែរជាប្រឆាំងនឹងខ្លួនឯង។
ដ្បិតអីក្រពះទទួលផល           យកមកចែកផ្តល់គ្រប់កន្លែង
ផ្គត់ផ្គង់រូបរាងកាយនេះឯង       អោយផុតចំបែងផងនានា។
ពេលនោះដៃជើងហើយនឹងមាត់  បានយល់ប្រាកដពីហេតុការណ៍
ទាល់តែពួកគេរួបរួមគ្នា           ប្រឹងធ្វើការងារទើបប្រាណបាន។
ទទួលក្ដីសុខផុតអំពល់                  ជួយផ្ដល់ឋាមពលទាំងប៉ុន្មាន
អោយអវយវះទូទាំងប្រាណ      មានសុខមាលភាពល្អប្រពៃ។

សំណាងល្អជាដៃ ជើង និង មាត់បើត្រឹម ក្រចក រឺ សក់ប្រហែលជាត្រូវ កាត់ចោលហើយមើលទៅ។

Comments

Popular posts from this blog