អនុវត្ត​តាម​គន្លឹះ​​ទាំង​​៤​នេះ ដើម្បី​ដុសខាត់​ជំនាញ​របស់​អ្នក​​ឲ្យ​កាន់តែ​មុត​ស្រួច


អនុវត្ត​តាម​គន្លឹះ​​ទាំង​​៤​នេះ ដើម្បី​ដុសខាត់​ជំនាញ​របស់​អ្នក​​ឲ្យ​កាន់តែ​មុត​ស្រួច
 
រូបតំណាង​ប្រភព៖​ NSDA
នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា ពិភពលោក​ហាក់​កាន់តែ​ស្មុគស្មាញ​ទៅៗ សម្រាប់​​អ្នក​ក្នុង​ការ​​សម្រេច​ជ្រើសរើស​ជំនាញ​ដ៏​ពិតប្រាកដ​មួយ​​ទុក​ធ្វើ​ជា​អាជីព​ការងារ​របស់​ខ្លួន​នៅ​ពេល​អនាគត។ ​ទន្ទឹម​នឹង​នេះ​ ​ក៏​មាន​ដែរ​ដែល​មាន​​ប្រិយមិត្ត​មួយ​ចំនួន​​​មាន​គោលដៅ​របស់​ខ្លួន​ហើយ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​​ពង្រឹង​ជំនាញ​​ឲ្យ​រឹងមាំ​មួយ​ដើម្បី​សម្រេច​បាន​គោល​ដៅ​នោះ។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​​គូរ​​សិក្សា​ស្វែង​យល់​ពី​​គន្លឹះ​ចំនួន ៤ ខាង​ក្រោម​នេះ​សម្រាប់​ទុក​ធ្វើជា​ត្រីវិស័យ​ជោគជ័យ​ក្នុង​អាជីព​ការងារ​របស់​អ្នក។​​

១) បំបែក​វា​ឲ្យ​នៅ​​បំណែក​តូចៗ និង កុំ​ធ្វើ​ឲ្យ​សាំញ៉ាំ​​​​​​ពេក​
នៅ​​ពេល​ដែល​អ្នក​ដែល​រៀន​អ្វី​ថ្មីៗ វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ស្មុគស្មាញ​ឡើង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បោះបង់​មុន​​ពេល​ដែល​អ្នក​ចាប់​ផ្តើម​វា​ទៅ​ទៀត។ យ៉ាងណាមិញ​អ្នក​ត្រូវ​ចាំ​ថា មុន​នឹង​អ្នក​ទទួល​បាន​ជំនាញ​អ្វី​មួយ លុះត្រា​តែ​អ្នក​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​មក​ច្របាច់​បញ្ចូល​គ្នា​តែមួយ​ជា​មុន​សិន និង ត្រូវ​ចំណាយ​ពេល​​​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​។ វា​​ប្រៀប​ដូច​ជា​ការ​​លេង​បាល់បោះ​​អិញ្ចឹង ​អ្នក​ត្រូវ​រៀន​ពី​របៀប​ចាប់​បាល់ បោះបង់​​ទៅ​ឲ្យ​ដៃគូ ឬ តិកនិក​បញ្ឆោត​ចុះ​ឡើង មុន​នឹង​អ្នក​អាច​បោះ​ចូល​សំណាញ់​ទី​បាន​ជោគជ័យ។ ព្យាយាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បំបែក​កិច្ចការ​ទាំង​នេះ​ជា​ផ្នែក​តូចៗ មិន​យូរ​មិន​ឆាប់​ជំនាញ​របស់​​ច្បាស់​ជា​កាន់តែ​រឹងមាំ​ជា​មិនខាន។

២) ប្ដេជ្ញា​​ចិត្ត​ប្រើ​ពេល ២០ ម៉ោង​​ធ្វើ​ការ​​ងារ​របស់​អ្នក​ដោយ​ស្វាហាប់​​​​​​​​
នេះ​ជា​គោលការណ៍​​មួយ​របស់​លោក Josh Kaufmans អ្នក​ចម្រៀង​អាមេរិក​ដែល​បាន​សរសេរ​សៀវភៅ "The First 20 Hours” តាម​​ដំបូន្មាន​របស់​លោក មិន​នឹង​អ្នក​ចាប់​ផ្តើម​រៀន​ធ្វើ​អ្វី​​ដែល​ថ្មី អ្នក​ត្រូវ​បង្កើត​គោលដៅ​មួយ​ដែល​អ្នក​ចង់​ទៅ​ជា​មុន​សិន បន្ទាប់​មក​រៀបចំ​​កាលវិភាគ​ ហើយ​អនុវត្ត​ភ្លាមៗ ​ដើម្បី​សម្រេច​គោលដៅ​នោះ។ រយៈ​​ពេល​៣ ឬ ៤ ដំបូង​វា​ពិត​ជា​លំបាក​បន្តិច​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​របស់​អ្នក តែ​​បើ​អ្នក​អាច​បន្ត​ឆ្លងកាត់​វា​បាន​ចូល​កាន់តែ​កៀក​ឡើង​ៗ ជោគជ័យ​​នឹង​កាន់តែ​មក​ជិត​ដៃ​របស់​អ្នក។

...អ្នក​ដែល​​​​មាន​ជំនាញ​ពិតប្រាកដ​ ​នឹង​មាន​ហាងឆេង​ខ្ពស់​​ចំនួន​ ៦​ ចំណុច​នេះ...
​​​​
៣) បំពាក់បំប៉ន​ជំនាញ​របស់​អ្នក​​ឲ្យ​ចំ​ទិសដៅ​​​​
ការ​​ធ្វើ​ឲ្យ​ជំនាញ​របស់​អ្នក​កាន់តែ​រឹងមាំ អ្នក​ត្រូវ​ប្រាកដ​ថា អ្វី​ដែល​អ្នក​ត្រូវ​រៀនសូត្រ​មិន​ត្រូវ​ឲ្យ​ឆ្ងាយ​ពេក ឬ ខុសស្រឡះ​តែ​ម្តង​​ពី​គោលដៅ​របស់​អ្នក​នោះ​​ទេ។ ​អ្នក​ដុត​នំបុ័ង​ ត្រូវ​តែ​រៀន​ជំនាញ​ធ្វើ​នំបុ័ង​ឲ្យ​បាន​ល្អ។ អ្នក​​បើកបរ​រថយន្ត​តាក់ស៊ី ត្រូវ​តែ​មាន​ជំនាញ​បើកបរ​ច្បាស់លាស់។ គណនេយ្យករ​ ​ត្រូវ​តែ​ចេះ​ជំនាញ​គណនេយ្យ​ (គិតលុយ ឬ គ្រប់គ្រង​ហិរញ្ញវត្ថុ) ឲ្យ​ប្រាកដ។ ចុះ​អ្នក​វិញ តើ​ចង់​មាន​​ជំនាញ​​ផ្នែក​អ្វី? ផ្ទុយ​ពី​ការ​រៀន​ជំនាញ​​ជា​ច្រើន​ដែល​ផ្ទុយ​ពី​​ជំនាញ​របស់​អ្នក អ្នក​ត្រូវ​ដុសខាត់ ឬ សិក្សា​រៀនសូត្រ​បំពាក់បំប៉ន​លើ​ជំនាញ​របស់​អ្នក​ដែល​ជា​គោលដៅ​​ដែល​អ្នក​ចង់បាន ព្រោះ​ថា​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ចំណាយ​ពេល​ច្រើន​ដែល​គ្មាន​ប្រសិទ្ធភាព។

៤) ត្រូវ​ដាក់​​ក្តី​ស្រមៃ​មួយ​ប្រៀប​ដូច​ជា​មាន​ជំនាញ​ច្បាស់​លាស់​ពិតៗ
​នេះ​ជា​ចំណុច​សំខាន់​មួយ​​ទៀត​ដើម្បី​ដាក់​ក្តី​សង្ឃឹម​របស់​អ្នក​​ និង​​បង្កើត​ទម្លាប់​ល្អ​​មួយ​​​​ជួយ​ដាស់តឿន​​ខ្លួន​​អ្នក​ឲ្យ​​ព្យាយាម​ដុសខាត់​ជំនាញ​របស់​ខ្លួន។ អ្នក​នឹង​អាច​រៀន​សូត្រ​ជំនាញ​ថ្មីៗ​បាន​កាន់តែ​ល្អ​ឡើង​នៅ​ពេល​ដែល​អ្នក​​បណ្ដុះ​ក្តី​ស្រមៃ​មួយ​​ថា​អ្នក​មាន​ជំនាញ​ច្បាស់លាស់​ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​​ជឿជាក់​លើ​ខ្លួន​ឯង។ នៅ​ពេល​ដែល​អ្នក​ជឿជាក់ ក្តី​ស្រមៃ​របស់​អ្នក​​នឹង​​ក្លាយ​ជា​ការពិត​បន្តិច​ម្តងៗ ​​នោះ​ហើយ​ដែល​ជា​ឱកាស​​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក៕

Comments

Popular posts from this blog

គន្លឹះ១៤យ៉ាងក្នុងការថែរក្សារអតិថិជន